Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រឿងនិទានក្បែរវត្ត "មហាសេដ្ឋីកំណាញ់ស្វិត"

28 03 2017 1490684573

កាលពី​សម័យមួយ​នោះ មាន​មហាសេដ្ឋី​កំពូល​កំណាញ់​ស្វិត​ម្នាក់ ភាព​គម្រិះ​កំណាញ់​ស្វិត​របស់គាត់​ល្បី​រន្ទឺ​យ៉ាងខ្លាំង មិនដែល​ចែករំលែក​អ្វី​ឱ្យ​នរណា ម្នាក់​ឡើយ បុណ្យទាន ការងារ​សប្បុរសធម៌​ក៏​មិនដែល​បរិច្ចាគ កូន​ប្រពន្ធ​ក៏​គ្មាន ព្រោះ​ខ្លាច​ថា​ប្រពន្ធ កូន​នឹង​មក​បំផ្លាញ​ទ្រព្យសម្បត្តិរ​បស់គាត់។

ត​មក​មហាសេដ្ឋី​បាន​ធ្លាក់ខ្លួន​ឈឺ ជា​ជំងឺ​ដែល​ព្យាបាល​មិនជា ពេល​ដឹងថា ជីវិត​នឹង​លែង​រស់នៅ​បានយូរ​ទៀតហើយ​នោះ គាត់​ក៏​ចាប់ផ្តើម​ចូល​វត្ត​ចូល​វ៉ា បាន​ស្តាប់ធម៌​ពី​ព្រះសង្ឃច្រើនឡើង។ ស្ថិតក្នុង​វារៈ​ជិត​អស់​សង្ខារ​បែបនេះ គាត់​ក៏​ចេះ​គិត​ឡើង ទើប​សម្រេចចិត្ត​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​ឱ្យទៅ​មូលនិធិ​សប្បុរសធម៌។

រួចហើយ​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​ក៏​មកដល់ មហាសេដ្ឋី​ដេក​ដកដង្ហើមខ្សោយៗ អស់សង្ឃឹម​នៅលើ​គ្រែ គាត់​និយាយ​យ៉ាង​តូចចិត្ត​ជាមួយ​ព្រះសង្ឃ​ដែល​គង់​មើល​អាការ​នៅក្បែរ​គ្រែ​នោះ​ថា "ព្រះ​តេជគុណ ហេតុ​អី​បាន​អ្នកស្រុក អ្នក ភូមិ​គេ​នៅតែ​ចោទប្រកាន់​ខ្ញុំកូណា​នៅក្នុង​ផ្លូវ​មិនល្អ​ទៀត ទាំង​ខ្ញុំ​បានប្រគល់​មរតក​ទាំង​អស់​ទៅឱ្យ​មូលនិធិ​សប្បុរសធម៌​ហើយ​នោះ"។

ព្រះគ្រូ​សង្ឃ​ឆ្លើយថា "ក៏​វា​ដូច សត្វ​ជ្រូក និង​សត្វ​គោ អ៊ីចឹង​ណា៎​ញោម  គឺ​ជ្រូក វា​និយាយ​ជាមួយ​គោ​ថា "ខ្ញុំ​មិន​យល់​សោះហេតុ​អី​បាន​មនុស្ស​ចេះតែ​លើកតម្កើង​ថា គោ​ឯង​ល្អ​ជាង​ខ្ញុំ ទាំង​រូបខ្ញុំ​បានផ្តល់​ប្រយោជន៍​គ្រប់ផ្នែក​ឱ្យទៅ​មនុស្ស​អស់ហើយ ទាំង​សាច់ទាំង​គ្រឿងក្នុង ឆ្អឹង​ក៏​យកទៅ​ធ្វើ​ស៊ុប​ទៀត សូម្បីតែ​រោម​ក៏​គេ​យកទៅ​ធ្វើ​ជក់​លាប​ពណ៌​ដែរនោះ"  គោ​ឆ្លើយថា ព្រោះថា ជ្រូក​ឯង​ផ្តល់​ប្រយោជន៍​ដល់​គេ​ក៏​នៅពេលដែល​ស្លាប់​ហើយ​ប៉ុណ្ណោះ ចំណែក​ខ្ញុំ​ពេល​នៅរស់ ខ្ញុំ​ជួយ​ធ្វើការ​មនុស្ស ផ្តល់​ទឹកដោះ​ដល់​មនុស្ស​បាន​រហូត​មួយជីវិត​ហ្នឹង​ណា៎"។

មហាសេដ្ឋី​ស្តាប់​ចប់​ហើយ ក៏​ងក់ក្បាល រលីងរលោង​ទឹកភ្នែក​បង្ហាញ​អាកា​រថា​ទទួលស្គាល់​ការពិតហើយ រួច​ក៏​ដាច់ខ្យល់​ស្លាប់ទៅ​យ៉ាង​ស្ងប់ស្ងៀម៕

ប្រភព៖ lareine.com.kh

Comment