Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធី 6 យ៉ាងបង្ហាត់កូនឱ្យក្លាយជាក្មេងមានភាពជឿជាក់

01 02 2016 1454291544

កុំ​បណ្តោយឱ្យ​កូន​ក្លាយទៅជា​ក្មេង​ដែល​មិន​ហ៊ាន និងខ្លាចអ្វីៗគ្រប់​តែ​រឿង​ឱ្យសោះ ត្រូវ​បង្កើន​ភាពជឿជាក់​ក្នុងចិត្តជា​គ្រឹះ​ឱ្យ​កូន​អាច​ថែទាំ និង​ជួយ​ខ្លួនឯងបាន​នាពេល អនាគត ដោយ​ការ...

1. បើកឱកាស​ឱ្យ​កូន​បាន​សាកល្បង​ធ្វើអ្វីៗដោយ​ខ្លួនឯង មិន​ធ្វើជា​អ្នកចាត់ចែង​ធ្វើឱ្យ​កូន​គ្រប់យ៉ាង​ព្រោះតែ​ពាក្យ​ថា “កូន​ឯងធ្វើ​មិន​បានទេ” ឱ្យសោះ ព្រោះ​វា​នឹង​ក្លាយជា​ឧបសគ្គ​ក្នុង​ការរៀន​យល់ដឹង​របស់​កូន​តទៅទៀតបាន។

2. មិនថាតែ​ចង់​បង្ហាត់ ឬ​បង្រៀន​ឱ្យ​កូន​ធ្វើ​អ្វី​ក៏ដោយ ដំបូងបង្អស់ត្រូវ​ធ្វើជា​គំរូ​ឱ្យ​កូន​ឃើញ​ជាមុនសិន បន្ទាប់ពីនោះ​ឱ្យគេ​ធ្វើជាអ្នកជំនួយការ រួចហើយ​សឹម​បណ្តោយ​ឱ្យគេ​ធ្វើ ដោយមានរូបអ្នក​ប្តូរ​ទៅជា​ជំនួយការ​វិញ​ម្តង ទីបំផុត​កូន​នឹងធ្វើ​បាន​ដោយ​ខ្លួនឯង។

3. ជ្រើសរើស​ពេលវេលា​បន្តិច បើ​ឃើញ​កូន​នៅ​មិនទាន់​ត្រៀមខ្លួន​នឹង​រៀន​យល់ដឹង​នៅឡើយ​នោះ ចូរ​កុំ​បង្ខិតបង្ខំ ឬ​ខំប្រឹងជំរុញ​ឱ្យធ្វើ​អី ព្រោះ​ការ​មិនបាន​ត្រៀមខ្លួន​នឹង​នាំឱ្យ​កូន​ធ្វើ​មិនបានល្អ ដោយសារតែ​ខ្វះ​ការតាំង​ចិត្ត ហើយ​រឿង​នោះ​នឹង​ក្លាយជា​រឿងមួយ​លំបាក​នៅក្នុង​អារម្មណ៍​របស់​កូន​តែម្តង។

4. ឧស្សាហ៍​បន្ថែម​កម្លាំងចិត្ត និង​ពាក្យ​សរសើរ ដើម្បី​ជំរុញ​ឱ្យ​កូនមាន​អារម្មណ៍​ចង់​សាកល្បង​ធ្វើ​រឿងថ្មីៗទៀត និង​មាន​កម្លាំងខំប្រឹង​ព្យាយាម​ម្តងទៀត ទោះជា​រឿង​នោះ​កូន​អាចធ្វើ​មិនបានល្អ​ប៉ុន្មាន​ក៏ដោយ។

5. ពាក្យសំដី​ត្រូវមាន​លក្ខណៈ​វិជ្ជមាន ដូចជា ពេល​ឃើញ​កូន​កាន់កែវ​ទឹក ជំនួស​ឱ្យ​ពាក្យ​ដែល​ចង់​និយាយថា “កុំឱ្យ​កំពប់​ណា៎!” គួរតែ​និយាយថា“កាន់​ឱ្យ​ជាប់​ណា​កូន!” វា​អាច​នឹង​ជួយ​កាត់បន្ថយ​អាការ​ខំប្រឹង​ព្រោះតែ​មិនសូវ​ជឿជាក់​លើ​ខ្លួនឯងបាន។

6. យល់​ពី​ធម្មជាតិ​នៃ​ភាពខុសប្លែក​ពីគ្នា​របស់​ក្មេងម្នាក់ៗ មិន​ធ្វើខ្លួន​ជា​ឪពុកម្តាយ​ដែល​ប៉ិន​ប្រៀបធៀប​ដែល​ចាំតែ​ប្រាប់​កូន​ថា កូន​អ្នក​ឯទៀត​គេ​ពូកែ​ខ្លាំងណាស់​នោះទេ៕

ប្រភព៖ lareine.com.kh

Comment