Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍

Belle books

មានរឿងព្រេងមួយតំណាលថា មានបុរសកម្ជិលម្នាក់មានប្រពន្ធគ្រប់ លក្ខណ៍មានកិរិយាមាយាទ ល្អ ចេះគោរពប្រតិបត្តិប្តី។ តាំងពីបានគ្នាជា ប្តីប្រពន្ធមក បុរសកម្ជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ក៏ប្រពន្ធមូរអោយដែរ។ ប្រពន្ធជាមនុស្សគោរព ប្រតិបត្តិ​ប្តី មិនដែលប្រើពាក្យអាក្រក់ទៅលើប្តីសោះ លើកបាយទឹក និង របស់អ្វីទៅអោយប្តីសុទ្ធតែសំពះ ដល់ទៅយូរទៅមានសេចក្តីក្រីក្រីខ្លាំង ណាស់ នាងប្រពន្ធរកអ្វីចិញ្ចឹមពុំបានឡើយ។ ថ្ងៃមួយនាងរៀបស្លាប្រាំម៉ាត់ បារីប្រាំចូលទៅក្រាបសំពះប្តី ហើយនិយាយថា ‘ខ្ញុំសុំទោសអ្នកប្តី ត្បិត យើងសព្វថ្ងៃក្រណាស់ យើងមិនបានរកស៊ី គ្មានអីទទួលទានទេ សូម អោយអ្នកទៅកាប់ឈើធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវ ធ្វើស្រែហើយ’។ ប្តីថា “បើដូច្នោះអោយនាងដាំបាយវេចជាសំណុំចុះ ប្តីនឹងទៅរកកាប់ឈើធ្វើនង្គ័ល រនាស់”។ ប្រពន្ធក្រោកពីយប់ដាំបាយវេចជា កញ្ចប់មានតាំងពីពូថៅទៅផង។ បុរសកម្ជិលដេកទាល់តែថ្ងៃរះ ប្រពន្ធពុំ ហ៊ានដាស់ ចាំអោយក្រោកខ្លួនឯង ដល់ក្រោកហើយ ប្រពន្ធដងទឹកទៅ លប់មុខអោយរួចស្រេច នាងក៏ហុចស្លាបារី និង បាយកញ្ចប់ ព្រមទាំងគ្រឿង ប្រដាប់ទៅអោយប្តី។ បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើ បានឃើញឈើមួយដើម មានមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំ និងពូថៅ ហើយដេកគេងគងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថា “មែកឈើនេះត្រូវធ្វើជាផ្នៀងនង្គ័ល មែកឈើនេះ ត្រូវធ្វើជាយាម មែកឈើ នេះត្រូវធ្វើជាដង មែកឈើនេះត្រូវធ្វើជានឹម មែកឈើនេះ ត្រូវធ្វើជារនាស់”។ គ្រាន់តែដេកថាប៉ុណ្ណឹង ពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំ ស៊ីៗរួច ដេកថា ដូចមុនទៀត ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ។ ប្រពន្ធឃើញរត់ ទទួលយកគ្រឿងប្រដាប់នាំប្តីឡើង ទៅលើផ្ទះយកទឹកលាងជើងអោយប្តី ហើយសួរប្តីថា “អ្នកទៅបានការដូចម្តេចខ្លះ?’ ប្តីថាមិនទាន់ បានទេនាង! ចាំស្អែកសឹមទៅទៀត ដល់កន្លែងដើមឈើនោះហើយ រុក្ខទេវតាដែល អាស្រ័យនៅ ទីនោះលឺបុរសកម្ជិលពោលដូច្នោះ ក៏ភ័យខ្លាចរកកន្លែង នៅគ្មានក៏គិតគ្នាថានឹងវាយសម្លាប់បុរស កម្ជិលនោះអោយស្លាប់ នៅមាត់ ជណ្តើរផ្ទះ កុំអោយវាមកកាប់ឈើនោះបាន។ បុរសម្នាក់នោះក៏ ត្រឡប់ មកផ្ទះវិញ។ រុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅ ទទួលប្តី ដល់មាត់ជណ្តើរ យកទឹកលាងជើងប្តី។ ដោយសិរីសួស្តីប្រពន្ធនោះ ទេវតា ចូលមិនចុះ មិនហ៊ានវាយ។ បុរសនោះ រួចពីអន្តរាយក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរដូចមុនទៀត “បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់”។ ទេវតាភ័យណាស់ថា “បុរសនោះ មុខជាកាប់ហើយព្រឹកនេះ’ ក៏នាំគ្នាមក និយាយអង្វរថា “សូមកុំកាប់ឈើនោះ”។ បុរសថា “អញមិនព្រមទេ ព្រឹកនេះ អញទៅកាប់ហើយ”។ ទេវាតាភ័យ ណាស់ក៏នាំគ្នានិយាយសូកដោយប្រាប់ ពីទីកន្លែងកំណប់មាសប្រាក់អោយបុរសៗសួរថា “អោយកំណប់ប៉ុន្មាន កន្លែង?’ ទេវតាថាពីរកន្លែង បុរសថា “មិនព្រមទេ” បើបួនកន្លែងទើបព្រម ហើយ    អោយដាក់ឈើសម្គាល់ផង។ ទេវតាក៏ព្រមធ្វើតាម កុំអោយ តែកាប់ដើមឈើនោះ។ បុរសថា “បើដូច្នោះ ខ្ញុំលែងកាប់ តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ។” ទេវតាថា ”ទៅចុះ ខ្ញុំដោតឈើ សម្គាល់ទុក អោយ”។ ព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគាស់កំណប់ដែលទេវតាអោយ។ ក្នុងកំណប់នីមួយៗទាំងពីរនាក់ប្តីប្រពន្ធត្រូវជញ្ជូនបីថ្ងៃ បានសុទ្ធតែមាស និងប្រាក់ចាក់គរពេញផ្ទះ។ នាងនោះក៏រៀបចំដាក់ហិប ដាក់ឡាំង មិនអោយ អ្នកណាឃើញ ហើយក៏ជួលជាងអោយធ្វើគ្រឿង ប្រដាប់លក់ជា ជំនួញរឹត តែមានឡើងៗបានជាសេដ្ឋីមានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើននាក់រាប់មិនអស់៕

គតិអប់រំក្នុងរឿង៖ ទ្រព្យគង់ត្បិតស្រី ចេះសន្សំទុក

                          ផ្ទះធំស្រណុក ត្បិតលក្ខណ៍ស្រីជា

 

 

 

                                                                        

Comment