Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ហេតុផល​ទាំង៤ ​ដែល​មុខជំនួញថ្មី​ របស់អ្នក​បរាជ័យ

20150925212738 fail pitch employee failures

បរាជ័យជាផ្នែកសំខាន់មួយ នៃការអភិវឌ្ឍរបស់សហគ្រិនគ្រប់រូប ប៉ុន្តែវាក៏ជាអ្វី ដែលម្ចាស់មុខជំនួញទាំងអស់ ចង់គេចឱ្យផុតដែរ។ វិធីសាស្រ្តល្អបំផុតមួយ ដើម្បីការពារអាជីវកម្មថ្មី ពីការដួលរលំគឺត្រូវដឹងឱ្យច្បាស់ មូលហេតុដែលអាចនឹងបណ្តាលឱ្យបរាជ័យ ហើយការពារពាណិជ្ជកម្មរបស់អ្នក ពីមូលហេតុទាំងនោះ។ ខាងក្រោមនេះ ជាមូលហេតុទូទៅទាំង៥ ដែលចាំផ្តួលរំលំអាជីវកម្មថ្មី​៖

១/ អ្នករង់ចាំយូរពេកដើម្បីចាប់ផ្តើមពាណិជ្ជកម្មនោះ

ការចាប់ផ្តើមពាណិជ្ជកម្មគួរតែជាអាទិភាព ក្នុងចិត្តសហគ្រិនទាំងអស់ តាំងពីពេលគេនឹកឃើញគំនិតនោះភ្លាម។ គួរឱ្យស្តាយ ដែលការរង់ចាំឱកាសល្អច្រើន តែចូលមកអូសបន្លាយ ពេលវេលានិងរារាំង ដល់ការចាប់ផ្តើមអនុវត្តគំនិតល្អ។ មុខជំនួញថ្មីជាច្រើន ដួលរលំដោយសារស្ថាបនិកព្យាយាម បន្ថែមគំនិត ឬផ្នែកផ្សេងៗទៅក្នុងផលិតផលថ្មីមួយ មុននឹងបង្ហាញដល់ទីផ្សារ។ ការអូសបន្លាយពេលវេលា ដោយសារតែការរង់ចាំឱកាសល្អ ឬរង់ចាំទម្រាំធ្វើផលិតផលមួយឱ្យល្អឥតខ្ចោះ អាចនឹងបណ្តាលឱ្យពាណិជ្ជកម្មរបស់អ្នក ធ្លាក់ជ្រៅទៅក្នុងបំណុល និងនាំទៅរកផ្លូវបរាជ័យ។

២/ អ្នកប្រុងប្រយ័ត្នខ្លាំងពេក

ហានិភ័យ ជាបេះដូងនៃសហគ្រិនភាព។ ការប្រុងប្រយ័ត្នជ្រុល ច្រើនតែបង្កការដួលរលំដល់ក្រុមហ៊ុនថ្មីៗ ដែលអាចនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ប្រសិនបើមិនសូវមានការប្រុងប្រយ័ត្នពេក ហើយអនុវត្តតែតាមស្ថានការណ៍។ ហានិភ័យផ្នែក ហិរញ្ញវត្ថុច្រើនតែជាបញ្ហាប្រឈមធំបំផុតរបស់សហគ្រិន ហើយក៏ច្រើនតែជាមូលហេតុចម្បង ដែលចាំផ្តួលរំលំពាណិជ្ជកម្មថ្មីដែរ។ តម្រូវការលុយមិនចេះចប់សម្រាប់ពាណិជ្ជកម្មថ្មីគឺជារឿងមួយ ដែលគ្មាននរណាម្នាក់យល់ច្បាស់ ប៉ុន្តែអ្នកត្រូវដឹងថា មេដឹកនាំឧស្សាហកម្មទាំងអស់ មិនអាចសម្រេចបានកម្រិតជោគជ័យ កាន់តែខ្ពស់តាមរយៈការភ័យខ្លាច និងសំងំរកស៊ីតែកន្លែង ដែលមានសុវត្ថិភាពនោះទេ។

៣/ អ្នកព្យាយាមខ្លាំងពេកក្នុងការបង្កើតអ្វីដែលថ្មីបំផុត

ស្ថាបនិកក្រុមហ៊ុនថ្មីៗភាគច្រើន ឈរនៅស្មារបស់យក្ស។ វាជារឿងលំបាកខ្លាំងណាស់ ក្នុងការបង្កើតគំនិតពាណិជ្ជកម្មមួយ ដែលថ្មីបំផុតនិងមានលក្ខណៈច្បាប់ដើម ហើយជាទូទៅវាមិនចាំបាច់ទេ។ គំនិតថ្មីមិនត្រឹមតែមិនចាំបាច់ទេ ប៉ុន្តែវាអាចជាឧបសគ្គសម្រាប់ពាណិជ្ជកម្មថ្មីទៀតផង ព្រោះវាធ្វើឱ្យមានបញ្ហាលំបាក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងគំនិតថ្មីនោះ ជាមួយនឹងអតិថិជន ហើយទីផ្សារពិបាក នឹងទទួលយកគំនិតថ្មីណាស់។ ជំនួសមកវិញ តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីកែច្នៃលើគំនិត ដែលមានស្រាប់?

៤/ អ្នកព្យាយាមធ្វើអ្វីមួយតែម្នាក់ឯង

ការបង្កើតក្រុមហ៊ុនថ្មីមួយ តែម្នាក់ឯងជាកិច្ចការលំបាកណាស់។ សម្រាប់សហគ្រិនជាច្រើន បញ្ហាប្រឈមធំបំផុត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មថ្មី គឺការលះបង់ការគ្រប់គ្រងទាំងស្រុង និងការទទួលស្គាល់ អ្នកមិនអាចធ្វើអ្វីៗទាំងអស់ តែម្នាក់ឯងបានទេ។ ដៃគូពាណិជ្ជកម្ម មានប្រយោជន៍ខ្លាំងណាស់ ក្នុងដំណាក់កាលនេះ ប៉ុន្តែរឿងដែលសំខាន់បំផុត គឺអ្នកត្រូវចេះគ្រប់គ្រងចិត្តនិងអារម្មណ៍ខ្លួនឯង ក្នុងពេលដែលបណ្តោយឱ្យអ្នកដទៃ ទទួលខុសត្រូវកិច្ចការខ្លះជំនួស។

ប្រភព​៖ thephnompenhtimes.com

Comment