Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

របៀបមើលផ្លែឈើទុំដោយធម្មជាតិឬទុំដោយសារថ្នំាគីមី

A

ស្តាប់សម្លេង:

នៅលើទីផ្សារសព្វថ្ងៃ មានផ្លែឈើជាច្រើន ដែលគេប្រើថ្នាំគីមីដើម្បីបង្ខំវាឲ្យឆាប់ទុំ ពេលយើងទិញបរិភោគ មិនត្រឹមតែរសជាតិមិនឆ្ងាញ់ទេ ថែមទាំងប៉ះពាល់សុខភាពទៀតផង។ ដូច្នេះ យើងត្រូវចេះមើល ថាតើផ្លែឈើណាគេបន្ទុំដោយប្រើថ្នាំគីមី ហើយផ្លែឈើណាទុំដោយធម្មជាតិ។

១​ ធុរេន

ចំពោះធុរេនទុំដោយប្រើថ្នាំឬទុំធម្មជាតិ យើងអាចសំគាល់បានតាមរយៈ ទង និងបន្លារបស់វា។ បើសិន ទងវាស្វិត បន្លារាងទ្រត់  ពណ៌ខ្មៅស្រគាំៗ​ នោះមានន័យថាជាធុរេនដែលកាត់ពីដើម ពេលវានៅខ្ចី រួចយកទៅត្រាំថ្នាំ ឬចាក់ថ្នាំគីមីដើម្បីឲ្យឆាប់ទុំ និងរីកធំជាងមុន។ ចំនែកធុរេនទុំដើមឬទុំធម្មជាតិវិញ គឺទង និងបន្លាវានៅរាងស្រស់ថ្មីៗ ក្លិនក្រអូបឈ្ងុយពីធម្មជាតិ។

 

២ ស្វាយ

ស្វាយទុំដើមគឺមានទងស្រស់ ពណ៌និងសាច់ទុំស្មើគ្នា។ បើផ្លែណាទុំខ្លាំង គឺមានពណ៌លឿងដិតពេលច្របាច់មើល សាច់វាទន់ៗ។

ចំពោះស្វាយទុំ ដោយប្រើថ្នាំគីមីរំញោចវិញ គឺទុំមិនស្មើគ្នាទេ លើសម្បកមានឆ្នូតបៃតង ស្រអាប់ និងឆាប់ជ្រេញ។

៣ ល្ហុង

ធម្មតា ល្ហុងទុំដើមគឺកាន់ទៅ​រាងធ្ងន់ដៃ សាច់ទន់ ទងនៅស្រស់ និងមានជ័រតិចៗ ។ សាច់ល្ហុង ផ្អែម ក្រអូប គ្រាប់តិច និងងាយកោសហូបដោយប្រើស្លាបព្រា។

ចំនែក ល្ហុងទុំដោយប្រើថ្នាំ​ គឺមានពណ៌លឿងអាប់ សម្បករលោង ពេលចុចមើលរឹងៗ ពេលបកសម្បកនៅមានជ័រ ពេលបរិភោគមិនទន់ ហើយរសជាតិវិញសាបៗ​គ្មានឳជារស។

៤ ខ្នុរ

ខ្នុរ គឺប្រភេទផ្លែឈើមួយ ក្នុងចំនោម ប្រភេទផ្លែឈើដែលឈ្មួញទុច្ចរិតចូលចិត្ត បន្ទុំដោយត្រាំថ្នាំ និងចាក់ថ្នាំគីមីបំផុតនៅលើទីផ្សារបច្ចុប្បន្ន។ របៀបសំគាល់គឺ៖

បើផ្លែខ្នុរមិនទាន់ចាស់ មានបន្លាស្រួចៗ  ក្រឡាអត់រីក ពណ៌បៃតងស្រស់ ចំនែកសាច់ខាងក្នុងបែរជាទុំ នោះច្បាស់ណាស់ ជាខ្នុរប្រើថ្នាំបន្ទុំ។ ម៉្យាងទៀត ត្រង់ទង កន្លែងដែលងាយចាក់ថ្នាំ នឹងប្រែជាទន់ប៉ផ្អៀច។

ចំពោះខ្នុរទុំធម្មជាតិវិញ គឺរីកក្រឡា សម្បកពណ៌បៃតងលឿងព្រឿងៗ និងទុំស្មើចាប់ពីទង ដល់គូថវា។

៥ មង្ឃុត

មង្ឃុតទុំដើមមានទងនៅស្រស់ៗ ទុំស្មើគ្រប់ខ្លែប។ ឯមង្ឃុត ទុំដោយសារថ្នាំវិញ មានទងខ្មៅ ពេលបរិភាគមានរសជាតិជូរ។

៦ ចេក

ចេកទុំធម្មជាតិ គឺសម្បករាងមូល មើលពីខាងក្រៅពណ៌លឿងដិត ចុចមើលរាងទន់។

ចំនែកចេក ត្រាំថ្នាំវិញ គឺមើលពីខាងក្រៅមានពណ៌លឿងឆ្អៅ តែពេលចុចមើលបែរជារឹងៗ។

៧ ស្រកានាគ

ស្រកានាគទុំធម្មជាតិ មានសម្បកស្តើង ពណ៌ក្រហម បន្លាលើផ្លែមានពណ៌ស្រស់។ ឯស្រកានាគប្រើថ្នាំវិញ មានពណ៌ក្រហមស្រាល សម្បកក្រាស រសជាតិសាបៗ។

Comment