Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធីគ្រប់គ្រងគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាពដែលលោកអ្នកគួរយល់ដឹង

Car crash accident

ស្តាប់សម្លេង:

ពាក្យ​ថា​”​គ្រោះថ្នាក់​” មានន័យ​ប្រហាក់ប្រហែលគ្នា​ទៅ​នឹង​ពាក្យ​ថា​”​ខូចខាត ឬ បាត់បង់​” ព្រោះ​ថា​តែ​កាលណា​មាន​គ្រោះថ្នាក់​អ្វី​មួយ​ហើយ វា​តែងតែ​មាន​ការខូចខាត​ឬ​បាត់បង់​អ្វី ជា​មិន​ខាន​ទេ​។ គ្រោះថ្នាក់​អាច​កើតមានឡើង​ចំពោះ​រូប​បុគ្គល​ម្នាក់ ចំពោះ​ស្ថាប័ន​ឬ​អង្គភាព​មួយ ឬ​ចំពោះ​សង្គមជាតិ​ទាំងមូល​ក៏មាន​។ យើង​នឹង​ពិនិត្យមើល​ក្នុង​ទី​នេះ​អំពី​គ្រោះថ្នាក់​ចំពោះ​បុគ្គល​សិន​។​

​ខ្មែរ​យើង ជួនកាល​យើង​ឮ​គេ​និយាយថា “​ស៊យ​ណាស់​” ឬ​”​យីអ៊ុន​ដាក់​ខ្លាំងណាស់​” កំពុងតែ​ក្រ​ហើយ ស្រាប់តែ​មាន​គ្រោះថ្នាក់​យ៉ាងនេះ​យ៉ាងនោះ ផ្ទួនៗ​គ្នា ម្តង​ហើយ​ម្តងទៀត ធ្វើឲ្យ​កាន់តែ​ពិបាក​ទៅៗ រក​តែ​ងើបមុខ​មិន​រួច​។ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​គេ​នាំគ្នា​ទៅរ​កលោក​ស្រោច​ទឹក​ឬ​ធ្វើ​ពិធី​រំដោះគ្រោះ​ផ្សេងៗ​។​

​តាមពិតទៅ គ្រោះ​ថ្នាក់​គឺ​ជា​រឿង​ធម្មតា​នៅក្នុង​ជីវិត​រស់នៅ​ទៅហើយ ប្រៀប​បី​ដូចជា​ស្រមោល​ដែល​តែងតែ​អន្ទោលតាមប្រាណ​អីចឹង​។ ព្រះពុទ្ធ​លោក​ប្រដៅ​ថា មានជីវិត​គឺ​មាន​ទុក្ខ​។ ក៏ប៉ុន្តែ បើសិនជា​យើង​បានគិត​ឲ្យ​ច្រើន​បន្តិច​អំពី​គ្រោះថ្នាក់ យើង​អាច​ជៀសវាង​វា​បាន ឬ​បើ​ពុំនោះ​ទេ​ក៏​អាច​គ្រប់គ្រង​វា បានដែរ​។​

​បើ​និយាយ​ឲ្យ​ខ្លី​ទៅ មាន​កត្តា​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ពីរ​យ៉ាង​។ ម្យ៉ាង​គឺ​គ្រោះថ្នាក់​អាច​កើតមាន​ឡើង​ពី​កំហុស​ផ្ទាល់ខ្លួន ដោយ​ការធ្ចេសប្រហែស ការ​មិន​បាន​យកចិត្តទុកដាក់ មិន​បាន​ប្រុងប្រយ័ត្ន ឧទាហរណ៍​ដូចជា​បើកបរ​លឿន​ខ្លាំងពេក សប្បាយ​ក្នុង​ផ្លូវកា​ម​មិន​បាន​គិត​ដល់​ការឆ្លង​រោគ ជាដើម​។ គ្រោះថ្នាក់​ដែល​កើតចេញ​ពី​កត្តា​ផ្ទាល់​ខ្លួន​នេះ គេ​ចាត់ទុកថា​ជា​គ្រោះថ្នាក់​ដែល​អាច​ដឹង​ជា​មុន​បាន​។ ក៏​ប៉ុន្តែ​គ្រោះថ្នាក់​ក៏​អាច​កើតមានឡើង​ដោយ​កត្តា​ពី​ខាងក្រៅ​ផងដែរ ដូច​ជា​ថា​យើង​បើកបរ​ប្រុងប្រយ័ត្ន​ហើយ ក៏​ប៉ុន្តែ​គេ​បើកបរ​ខុសច្បាប់​ចរាចរ មក​បុក​យើង ជាដើម​។ គ្រោះថ្នាក់​បែប​នេះ​គឺជា​គ្រោះថ្នាក់​ដែល​មិន​អាច​ដឹង​មុន​បាន​។​

ជាទូទៅ មាន​វិធី​៣​យ៉ាង​ដើម្បី​គ្រប់គ្រង​គ្រោះ​ថ្នាក់​ទាំង​ពីរ​បែបនេះ គឺ​លប់បំបាត់ ជៀសវាង និង​កាត់បន្ថយ​។​

​ការលប់បំបាត់: ឧទាហរណ៍​ដូចជា​លប់បំបាត់​ជម្ងឺប៉េស្ត​ជាដើម នោះ​នឹង​មិន​មាន​អ្នក​កើត​ជម្ងឺ​នេះ​ទេ​។ ក៏​ប៉ុន្តែ​គ្រោះថ្នាក់​ភាគច្រើន​មិន​អាច​លប់បំបាត់បាន​ទេ ព្រោះ​ដូច​បាន​និយាយ​ពី​ខាងលើ​រួច​មក​ហើយ ថា​ជា​ស្រមោល​អន្ទោលតាមប្រាណ​។​

​ការជៀសវាង: ដោយ​មិន​អាច​លប់បំបាត់បាន វិធី​ដែល​ល្អ​គឺ​ត្រូវ​ជៀសវាង​គ្រោះថ្នាក់ ដូចជា​ជៀសវាង​ការ​កើត​អេដស៍​ដោយ​មិន​រួមភេទ ជៀសវាង​គ្រោះថ្នាក់​ចរាចរ​ដោយ​មិន​ធ្វើ​ដំណើរ​ទៅណា ជាដើម​។ ក៏ប៉ុន្តែ​ការជៀសវាង​ខ្លាំងពេក​អាច​ធ្វើឲ្យ​ជីវិត​ប្រែ​ទៅជា​មិនសូវ​មាន​ន័យ​ទៅវិញ​។​
 

​ការកាត់បន្ថយ: កាលណា​មិន​អាច​លប់បំបាត់ មិន​អាច​ជៀសវាង​បាន យើង​ត្រូវធ្វើ​យ៉ាងណា​កាត់បន្ថយ​គ្រោះថ្នាក់​ឲ្យបាន ដូចជា​កាត់បន្ថយ​ការ​កើត​អេដស៍​ដោយ​រួមភេទ​ដោយ​សុវត្ថិភាព កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ដោយ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ជាដើម​។​

​ចំពោះ​ការ​ដែល​ទៅរក​លោក​ស្រោច​ទឹក ឬ​ធ្វើ​ពិធី​កាត់​គ្រោះ​ផ្សេងៗ ខ្ញុំ​គិតថា​ដូចជា​មិន​មាន​អ្វី​ទាស់ខុស​ទេ ព្រោះ​ការ​ស្រោច​ទឹក​ឬ​កាត់​គ្រោះ​នេះ វា​ធ្វើឲ្យ​យើង​មានទំនុក​ចិត្តលើ​ខ្លួនឯង ដែល​ជា​ហេតុ​ឲ្យមាន​ការប្រុងប្រយ័​ត្ន អាច​ជៀសវាង​គ្រោះថ្នាក់​បាន​។ យ៉ាងណាមិញ បើសិនជា​យើង​ទើបតែ​រៀន​ជិះ​កង់ មិនទាន់​ចេះ​ស្ទាត់​ទេ ពេល​ជិះ​ទៅ​ចេះតែ​គិត​ថា​ប៉ះ​គេ​ឥឡូវ​ហើយៗ មិនយូរ​មិនឆាប់​បុក​គេ​មែន​។ ក៏​ប៉ុន្តែ​ដល់​ចេះ​ជិះ​ស្ទាត់ មិន​ខ្លាច​នឹង​ប៉ះ​គេ​ទេ នោះ​ក៏​គ្មាន​គ្រោះថ្នាក់​អ្វី​ដែរ​។


​សរុបសេចក្តី​មក​វិញ គឺ​ថា​ត្រូវ​ដឹង​ថា​គ្រោះថ្នាក់​អាច​មាន​នៅ​ជុំវិញ​ខ្លួន​យើង គ្រប់ពេលវេលា ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច បើ​ជៀសវាង​បាន​ត្រូវ​ជៀសវាង បើ​ជៀសវាង​មិន​បាន​ទេ​ត្រូវធ្វើ​យ៉ាងណា​កាត់បន្ថយ​វា​ឲ្យបាន​។​

ប្រភព: health.com.kh

Comment