Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

មុន​​ធ្វើ​ជំនួញ​ គួរ​រៀន​ ៦​ចំណុច​​ពី​ Jack Ma

Jack ma

 គំនិត​បង្កើត​មុខ​ជំនួយ​ថ្មី​មួយ​ គឺជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប ហើយអាច​មាន​ផល​តប​ស្នង​ជា​ទី​គាប់​ចិត្ត។ ឧទាហរណ៍ លោក​ Jack Ma ធ្លាប់​ជា​គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​ម្នាក់​នៅ​ក្នុង​មហា​វិទ្យាល័យ​ក្នុង​ស្រុក​មួយ​ដែល​រក​ចំណុល​បាន​ត្រឹម​តែ ១២ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ មុន​ពេល​ដែល​លោក​បង្កើត​​ក្រុម​ហ៊ុន Alibaba Group។ សព្វ​ថ្ងៃ នេះ លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​ម្នាក់​នៅ​លើ​ពិភព​លោក​ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល​ ២២.៥ ពាន់​លាន​ដុល្លារ​អាមេរិក។

ដូច​ជា​មហាសេដ្ឋី​មួយ​ចំនួន​ធំ​នៅ​លើ​ពិភព​លោក​ដែរ​ លោក​ Jack Ma ​បាន​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​លោក​ពី​តូច​ឡើង​ទៅ។ ខាង​ក្រោម​នេះ គឺជា​មេរៀន​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន​ពី​មហាសេដ្ឋី​ប្រចាំ​ប្រទេស​ចិន​រូប​នេះ ដែល​សហគ្រិន​ទាំង​ឡាយ​គួរ​តែ​យក​ជា​គំរូ​តាម។

មុន​ពេល​ចាប់​ផ្តើម​មុខ​ជំនួញ អ្នក​ត្រូវ​ដឹង​ថា​ អ្នក​កំពុង​តែ​ធ្វើ​អ្វី

អ្នក​មិន​គួរ​យល់​ថា អ្នក​ចង់​ធ្វើ​ជា​ថៅកែ​ដោយ​ខ្លួន​ឯង​ព្រោះ​មិន​ចង់​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​ទៀត​នោះ​ឡើយ។ ការ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ ក៏​បង្ហាញ​នូវ​ឱកាស​ចាប់​ផ្ដើម​អាជីវកម្ម​ផង​ដែរ ដោយ​វា​នឹង​បំពេញ​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​ទីផ្សារ។
កាល​ពី​​ឆ្នាំ​១៩៩៥ នៅ​ពេល​ដែល​លោក​ Ma ទៅ​ធ្វើ​ជា​អ្នក​បក​ប្រែ​នៅ​សហរដ្ឋ​អាមេរិក មិត្ត​​ភក្តិ​របស់​គាត់ បាន​បង្ហាញ​ពី​របៀប​ប្រើ​ប្រាស់​អ៊ិនធឺណិត។ ក្រោយ​មក​ លោក​បាន​ចុច​ស្វែង​រក​ព័ត៌មាន​ទាក់​ទង​នឹង​ស្រាបៀរ​នៅ​លើ​អ៊ិនធឺណិត ហើយ​លោក​បាន​រក​ឃើញ​ស្រាបៀរ​របស់​អាមេរិច​ និង​​ស្រាបៀរ​របស់​អាល្លឺម៉ង​ ប៉ុន្តែ មិន​មាន​ស្រាបៀរ​របស់​ចិន​នោះ​ឡើយ។

នៅ​ក្នុង​ភាព​យន្ត​ឯក​សារ​មួយ លោក​ Ma មាន​និយាយ៖ «នៅ​ពេល​នោះ ខ្ញុំ​ពិត​ជា​​ចង់​ដឹង​ខ្លាំង​ណាស់​ ខ្ញុំ​ក៏​បាន​ចុច​ស្វែង​រក​ពត៌​មាន​ទាក់​ទង​នឹង​ប្រទេស​ចិន។ ប៉ុន្តែ​គ្រប់​ម៉ាស៊ីន​ស្វែង​រក​សុទ្ធ​តែ​បាន​ឆ្លើយ​តប​ថា គ្មាន​ព័ត៌មាន​ទាក់​ទង​នឹង​ប្រទេស​ចិន​ទេ»។ ជា​លទ្ធផល នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​លោក​បាន​បង្កើត​ក្រុម​ហ៊ុន​គេហទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ថា China Page ជា​គេហទំព័រ​​ប្រមូល​ផ្តុំ​នូវ​ព័ត៌មាន​ទាំង​អស់​​ទាក់​ទង​នឹង​ប្រទេស​ចិន និង​ជា​ក្រុម​ហ៊ុន​អ៊ិនធឺណិត​ដំបូង​គេ​បង្អស់​របស់​លោក។

ជួល​មនុស្ស​ឆ្លាត​មក​ធ្វើ​ការ​ មិន​មែន​មនុស្ស​ល្បី​ទេ

ក្នុង​នាម​ជា​ថៅកែ​ម្នាក់ អ្នក​គួរ​តែ​ស្វែង​រក​​បេក្ខជន​ដ៏​សាក​សម​សម្រាប់​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​របស់អ្នក​ ដើម្បីការ​​រីក​ចម្រើន​របស់​ក្រុម​ហ៊ុន។ ឧទាហរណ៍ នៅ​ពេល​ធ្វើ​បទបង្ហាញ​ចែក​រំលែក​បទពិសោធន៍​នៅ​ក្រុម​ហ៊ុន Next Up Asia លោក​ Ma បាន​ចែករំលែក​ទៅ​អ្នក​ចូលរួម​ថា​ ក្រុម​ហ៊ុន​មួយ​គួរ​តែ​ជួល​បុគ្គលិក​ដែល​សម​ស្រប​នឹង​កម្រិត​តម្រូវ​ការ​របស់​ក្រុម​ហ៊ុន។

លោក Jack Ma បាន​និយាយ​ថា៖ «ឧបមា​ថា​ ក្រុម​ហ៊ុន​របស់​អ្នក​ គឺជា​ត្រាក់ទ័រ​មួយ​គ្រឿង​ បើ​សិន​ជា​អ្នក​បំពាក់​​ម៉ាស៊ីន​យន្តហោះ​ប៊ូអ៊ីង ៧៤៧​ ត្រាក់ទ័រ​របស់​អ្នក​នឹង​ខូច​នៅ​ពេលដែល​បញ្ឆេះ​​ម៉ាស៊ីន។ ហេតុ​នេះ អ្នក​ពុំ​ចាំ​បាច់​រក​មនុស្ស​ល្បី ឬ​ពូកែ​ពេក​មក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​របស់​អ្នក​នោះ​ឡើយ។ ក្រុម​ហ៊ុន​តូច គួរ​តែ​ជួល​បុគ្គលិក​ល្មមៗ​តែ​មាន​សតិ​អារម្មណ៍​នឹង​នរ​មក​ធ្វើ​ការ​បាន​ហើយ»។

ស្វែង​យល់​ពី​ការ​បរាជ័យ​របស់​បុគ្គល​ដទៃ​ទៀត

មនុស្ស​យើង​ភាគ​ច្រើន ​ផ្តោត​តែ​លើ​តែ​ការ​សម្រេច​បាន​របស់​បុគ្គល​ជោគ​ជ័យ តែ​យើង​បាន​ភ្លេច​ពី​បរាជ័យ និង ឧបសគ្គ​ដែល​ពួកគាត់​ទាំង​នោះ​បានជួប​ប្រទះ។ ក្រៅ​ពី​ការ​យល់​ដឹង​ពី​គន្លឹះ​ និង​មេរៀន​នៃ​ភាព​ជោគ​ជ័យ​ពី​មុខ​ជំនួញ​ លោក Ma បាន​ធ្វើ​កំណត់​សម្គាល់​ថា​ ម្ចាស់​មុខ​ជំនួញ​ក៏​គួរ​​សិក្សា​ពី​កំហុស​ក្នុង​ការ​ធ្វើ​ជំនួញ​ដែរ។ លោក​បាន​និយាយ​ថា៖ «មាន​មនុស្ស​ជា​ច្រើន​ដែល​ទទួល​បរាជ័យ​ដោយសារ​តែ​ហេតុ​ផល​ដូចៗ​គ្នា។ ប្រសិន​បើ​អ្នក​បាន​ដឹង​ច្បាស់​ពី​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ អ្នក​អាច​សិក្សា​វិភាគពី​វា និង​ធ្វើ​ការ​កែ​លម្អ​ទៅ​លើ​កំហុស​ទាំង​នោះ»។

ត្រូវ​តែមាន​គំនិត​បង្កើត​ថ្មី​ ហើយ​មិន​ត្រូវ​ធ្វើ​តាម​គេ​រហូត​ទេ

មនុស្ស​ជាច្រើន ​បាន​ប្រៀប​ធៀប​​រវាង Steve Job និង​ Jack Ma។ លោក​ទាំង​ពីរ​សុទ្ធ​តែ​រៀន​មិន​បាន​ចប់​មហាវិទ្យាល័យ ហើយ​ក៏​ជា​អ្នក​បង្កើត​បច្ចេកវិទ្យា​ថ្មី​ដែល​បាន​ផ្លាស់​ប្តូរ​ពិភព​លោក។ បុគ្គល​ទាំង​ពីរ​ ក៏​ជា​អ្នក​ដែល​បាន​មើល​ឃើញ​ឱកាស​​មុន​អ្នក​មាន​វ័យ​ស្រករ​នឹង​ខ្លួន​ដែរ។ សម្រាប់​ Steve Job វា​គឺ​ជាកុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទ​ស្មាតហ្វូន​អេក្រង់​ Touchscreen ឯ​ចំណែក Jack Ma វិញ គឺ​សក្តានុពល​នៃ​អ៊ិនធឺណិត។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង​ទូទស្សន៍ CNBC លោក Ma បាន​ចែក​រំលែក​បទពិសោធន៍​របស់​លោក​ទាក់​ទង​នឹង​ការ​ទិញ​យក​ក្រុម​ហ៊ុនEbay ថា​៖ « ទីមួយ ខ្ញុំ​មិន​ដឹង​ថា ​ពួកគេ​ព្រម​លក់​ឬក៏អត់​នោះទេ ហើយទីពីរ ការ​ធ្វើ​ជំនួញ​មិន​មែន​ចេះ​តែ​សាមញ្ញ​ដូច​ជា​ការ​ទិញ​នោះឡើយ។ នៅ​ពេល​ធ្វើ​ជំនួញ អ្នក​​ចាំបាច់​ត្រូវ​តែ​បង្កើត​អ្វី​មួយ ហើយសម្រាប់​​ពេ​លអ​នាគត ដែល​មាន​ន័យ​ថា ​របស់នោះ​មិន​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»។

ហ៊ាន​ប្រថុយ​ទៅ​លើ​អ្វី​ដែល​គួរ​ប្រថុយ

លោក Ma បាន​បង្កើត​ក្រុម​ហ៊ុន​អ៊ិនធឺណិត​ដំបូង​ដែល​មាន​ឈ្មោះថា China Page។ ​ប៉ុន្តែ វា​មិន​បាន​ទទួល​ជោគ​ជ័យ​ឡើយ។ មុខជំនួញ​នេះ បាន​ដំណើរ​ការអស់​រយៈ​ពេល​មួយ​ឆ្នាំ តែ​ទី​បំផុត លោក Ma បាន​បាត់​បង់​ការ​គ្រប់​គ្រង​ទៅ​លើ​ China Page ហើយ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឲ្យ​រួម​បញ្ចូល​ជាមួយ​ក្រុម​ហ៊ុន China Telecom។ ទោះ​បី​ជា​មាន​មនុស្ស​មួយ​ចំនួន​ ចាត់ទុក​វា​ជា​​បរាជ័យ​ក៏​ដោយ​ លោក Ma បាន​ចាត់​ទុក​វា​ជា​ការ​ប្រថុយ​ប្រថាន​ដែល​ត្រូវ​បាន​ស្ទាប​ស្ទង់​ដឹង។ នៅ​ទី​បញ្ចប់​ វា​ក៏​បាន​ក្លាយ​ជា​បទ​ពិសោធន៍​មួយ​ដែល​គួរ​តែ​ត្រូវ​យល់​ដឹង។ ប៉ុន្តែ វា​មិន​មែន​មាន​ន័យ​ថា ​បរាជ័យ និង​​ការ​ប្រថុយ​ប្រថាន​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ ដោយ​​ការ​ប្រថុយ​ប្រថាន​មួយ​ចំនួន នាំ​ឲ្យ​យើង​ឈាន​ទៅ​ក្ស័យ​ធន​តែ​ម្ដង។

បុគ្គល​ឆ្នើម​នានា ដឹង​ថា សហគ្រិន​អស្ចារ្យ អាច​មើល​ឃើញ​នូវ​ហានិភ័យ​ឆ្កួតៗ ហើយ​បន្ថយ​កម្រិត​ហានិភ័យ​ឲ្យ​នៅ​ទាប​បំផុត។​ មាន​វិធី​ច្រើន​សម្រាប់​ធ្វើ​បែប​នេះ​ ដូច​ជា​ ​សិក្សា​ស្រាវជ្រាវ​ពី​តម្រូវ​ការ​ទីផ្សា និង​ឱកាស​​ ​ព្យាយាម​អត់​ធ្មត់ និង​ជៀស​វាងការ​សម្រេច​ចិត្ត​ប្រញាប់​ប្រញាល់ ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង និង​មាន​គម្រោង​ធានា​រ៉ាបរង​ក្នុង​ករណី​ដែល​មាន​រឿង​អ្វី​មិន​ល្អ​កើត​ឡើង។ តាម​ការ​ពិត​ទៅ​ មនុស្ស​យើង​ពិត​ជា​មាន​ការ​អល់​អែក​ក្នុង​ការ​ប្រើ​ប្រាស់​វិធី​ខាង​ចុង​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​យក​ឈ្នះ​ហានិភ័យ។

សេវា​ធានា​រ៉ាប​រង​មុខ​ជំនួញ​ដែល​ផ្តល់​ដោយ​ក្រុម​ហ៊ុន​ធានា​រ៉ាបរង​ដូច​ជា​AXA SME Smart Business Insuranceត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បំពេញ​តម្រូវ​ការ​ការការ​ពារ​ទៅ​ដល់​សហគ្រាស​ធុន​តូច និងមធ្យម ដែល​ងាយ​នឹង​ទទួល​រង​ការ​ខូច​ខាត​ដោយ​ហេតុការណ៍​នានា​ដូច​ជា ទឹក​ជំនន់ ចោរកម្មលួច​ប្លន់ ការ​បាត់បង់ទំនិញ ការ​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ភាគី​ទី​បី ភាព​មិន​ស្មោះ​ត្រង់របស់​បុគ្គលិក និង​អំពើ​ឆរ​បោក។

​បើ​សិន​ជា​មាន​រឿង​អកុសល​កើត​មាន​ឡើង អ្នក​នឹង​មាន​ថវិការ​បម្រុង​ទុក​សម្រាប់​ការ​ចាប់​ផ្តើម​ឡើង​វិញ​ភ្លាមៗ។ តាម​រយៈ​វីធី​នេះ អ្នក​អាច​ផ្តោត​ទៅ​លើ​ហានិភ័យ​ដទៃ​ទៀត ដែល​អ្នក​មាន​សមត្ថភាព​អាច​ទទួល​យក និង​សមស្រប​ឲ្យ​ទទួល​យក​។

គន្លឹះ​នៃ​ភាព​ជោគ​ជ័យ​ស្ថិត​នៅ​លើ​មនុស្ស​ជំនាន់​ក្រោយ

មិន​ថា​ក្នុង​មុខ​ជំនួញ​ណា​ក៏​ដោយ វា​ពិត​ជា​ចាំ​បាច់​ណាស់​សម្រាប់​ការ​រៀប​ចំ​គម្រោង​ទុក​ជា​មុន​ ហើយ​កក្តា​ដ៏​សំខាន់​បំផុត​នោះ ​គឺ​ការ​ពិចារណា​ទៅ​លើតម្រូវ​ការ​ និង​​ការចង់​បាន​របស់​អតិថិជន​នា​ពេល​អនាគត។ ដោយសារ​តែ​មុខជំនួញ​សម័យ​ទំនើប​ភាគ​ច្រើន​ផ្តោត​ទៅលើ​អតិថិជន​ក្មេងៗ​ជំនាន់​ក្រោយ តើ​យើង​ទៅ​ស្វែង​យល់​ពី​នរណា​ទៅ​វិញ​ ដើម្បី​រៀបចំ​បង្កើត​ក្រុម​ហ៊ុន?

លោក Jack ma ជា​មនុស្ស​ដែល​ពូកែ​ស្មាន​ដឹង​ពី​ថ្ងៃ​ខាង​មុខ​ បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេងៗ​សម័យ​អ៊ីនធឺណិត គឺ​ជា​គន្លឹះ​ដែល​ដឹក​នាំ​ក្រុម​ហ៊ុន​ទៅ​រក​ភាព​ជោគ​ជ័យ ហើយ​លោក​គិត​ថា​ មុខ​ជំនួញ​នានា​ក៏​គួរ​តែ​សម្រប​ទៅ​នឹង​ក្រុម​មនុស្ស​នេះ​ដែរ។ ​លោក ​Jack Ma បាន​និយាយ​ថា៖ «មនុស្ស​ជំនាន់​ក្រោយ​រមែង​គ្រាន់​បើ​ជាង​មនុស្ស​ជំនាន់​មុន។ ប្រសិន​បើ​​អ្នក​ចង់​ឲ្យ​ក្រុម​ហ៊ុន​មួយ​ពោរ​ពេញ​ដោយ​គំនិត​បង្កើត​ថ្មី​ និង​​ចង់​ឲ្យ​ក្រុម​ហ៊ុន​របស់​អ្នក​តាម​ទាន់​អនាគត អ្នក​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​មនុស្ស​វ័យ​ក្មេង»៕ 

ប្រភព ភ្នំពេញប៉ុស្ដិ៍

Comment