Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

សពទេព​មច្ឆា​ដ៏​អាថ៌កំបាំង​ទើរ​លើ​ឆ្នេរ​បង្កជា​ចម្ងល់​ពេញ​ហ្វេសប៊ុក

Fishatsea

ក្រុងឡុងដ៍: បុរស​ម្នាក់បាន​អះអាង​ថា បាន​ឃើញ​ទេព​មច្ឆា​មួយ​ស្លាប់​ទើរលើ​ឆ្នេរ​ Norfolk​។

បើ​វាជា​ការពិត នាង​ [ទេព​មច្ឆា] សម​តែ​រស់នៅ​ក្នុង​ផ្ទៃទឹក​មាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហៗ​នៃ​តំបន់​ត្រូពិក​បែរ​ជាមក​ហែល​ក្នុង​ទឹក​ប្រេង សម្បូរ​ដោយ​ទូកអួន​ នាវា​ដឹក​ប្រេង​ព្រោង​ព្រាត ស្រឡាង និង​នាវា​កម្សាន្ដ​បន្ដកន្ទុយ​គ្នា​នៅ​សមុទ្រ​ភាគខា​ងជើង​ដ៏ត្រជាក់​ទៅវិញ​។

លោក ផូ ចនស៍ បាន​បង្ហោះ​រូបថត​ដែល​លោក​បាន​ថតនៅ​ទីក្រុង​ ហ្រ្គេត យ៉ារម៉ោត និង​ត្រូវបាន​ចែក​រំលែក​បន្ដ​ជាង ១៥ ០០០ ដង​លើ​បណ្ដាញ​សង្គម​រយៈ​ពេល ២ ថ្ងៃ។

លោក​បាន​សរសេរថា៖ «​ថ្ងៃនេះ​នៅ​ទីក្រុង​ ហ្រ្គេត យ៉ារម៉ោត​យើង​បាន​ប្រទះ​ឃើញនូវ​អ្វីស្រដៀង​នឹង​ទេព​មច្ឆា​ងាប់​ទើរ​លើ​ឆ្នេរ»។

រូបភាព​ដ៏គួរ​ឲ្យ​ងឿង​ឆ្ងល់នេះ​បាន​បង្ហាញ​ពី​រាងកាយ​ស្អុយ​រលួយ តួខ្លួន​មនុស្ស កន្ទុយ​ត្រី​ដេក​ងាប់​លើ​ឆ្នេរ​។ ផ្នែក​កណ្ដាល​នៃរាង​កាយ​រលួយ​ស្ទើរ​តែទាំង​ស្រុង ខណៈ​កន្ទុយ​ និង​ក្បាល​រលួយ​ដោយ​អន្លើ។

អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បន្ទរ​ការគាំទ្រ​ថា វាគឺជា​ទេព​មច្ឆា​ដ៏​អាថ៌​កំបាំង​។ ប៉ុន្ដែ​អ្នក​ដទៃ​ទៀត​បាន​ជំទាស់​ថា វាជា​​ខ្មោច​ឆ្មាទឹក​ ដែល​ឆ្នេរ​នោះ​សម្បូរ​ពពួក​សត្វនេះ។

ប៉ុន្ដែ​យ៉ាង​ណាមិញ វា​នៅតែ​មិន​ច្បាស់​ថាជា​អ្វី​នៅ​ឡើយ។ អ្វីដែល​គួរ​ឲ្យកត់​សម្គាល់​នោះ ប្រវត្ដិរូប​សង្ខេប​ហ្វេសប៊ុក​របស់​លោក ចនស៍ ដែល​ជាអ្នក​បង្ហោះ​រូបភាព​សព​ទេព​មច្ឆា​នោះ បាន​បង្ហាញ​​ថា លោក​ជា​វិចិត្រករ​មួយ​រូប ជាពិសេស លោក​មាន​ជំនាញ​ខាង​រចនា​សត្វ​ចម្លែកៗ​បែប​នេះ​។ លោក​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ហ្វេសប៊ុក «​Horror and Halloween DIY»៕

ប្រភព៖ www.postkhmer.com

Comment